បោះតង់ គឺជាសកម្មភាពក្រៅផ្ទះដ៏ល្អសម្រាប់មនុស្សគ្រប់គ្នា ដែលអាចចូលរួមជាមួយគ្នាជាក្រុមអាចមានដូចជាមិត្តភក្តិ ឬសមាជិកគ្រួសារ តែក៏មានអ្នកខ្លះគាត់ចូលចិត្តបោះតង់ម្នាក់ឯងផងដែរ។ ការបោះតង់វាមិនមែនត្រឹមតែជាសកម្មភាពដែលយើងផ្តោតទៅលើតែអំពីរឿងតង់ ការរៀបចំកន្លែងគេ ឬ ញ៉ាំអាហារនៅជុំវិញភ្នក់ភ្លើងនោះទេ។ មានការសិក្សាជាច្រើនបង្ហាញថាការបោះតង់ពិតជាធ្វើឱ្យអ្នកសប្បាយចិត្តជាងមុន បង្កើតក្តីសុខក្នុងចិត្តបានច្រើនថែមទៀតផង។
សកម្មភាពរាងកាយ
ដំណើរឆ្ពោះទៅរកការបោះតង់ និងតម្រូវអោយអ្នកមានសកម្មភាពនានាជាច្រើនដូចជា ការជិះឡាន ម៉ូតូ ធ្វើដំណើរថ្មើរជើង ជាដើម! រាល់សកម្មភាពទាំងអស់នេះ យើងអាចរាប់បានថារាងកាយរបស់យើងបានចូលរួមយ៉ាងសកម្មរួចទៅហើយសម្រាប់ អោយដំណើរបោះតង់របស់យើងបានជោគជ័យ។ សកម្មភាពទាំងនោះយើងអាចរាប់បញ្ចូលជាលំហាត់ប្រាណបាន នៅពេលរាងកាយយើងបញ្ចេញសកម្មភាពច្រើនបែបនេះ វាធ្វើអោយយើងរីករាយ និងកំចាត់ចោលនូវអារម្មណ៌ស្ត្រេសបាន។
ក្រៅពីញើសដែលអ្នកបានបញ្ចេញ តាមរយៈសកម្មភាពផ្សេងៗទាំងអស់នោះមក ក៏នៅមានខ្យល់អាកាសល្អបរិសុទ្ធដែលបានមកពីទីតាំងដែលអ្នកបោះតង់ ដូចជាមាត់សមុទ្រ ព្រៃភ្នំ ជាដើម។ ខ្យល់បរិសុទ្ធទាំងអស់នោះច្បាស់ណាស់ វាល្អសម្រាប់រាងកាយ ជាងខ្យល់កខ្វក់ក្នុងទីក្រុងដែលសំបូរទៅដល់ជាតិពុល។ អ្នកអាចដកដង្ហើមអោយវែង ស្រូបយកខ្យល់បរិសុទ្ធទាំងនោះចូលទៅក្នុងរាងកាយអ្នក អារម្មណ៌ល្អនិងកើតមានឡើងជាក់ជាមិនខាន។
តម្លៃនៃការងារជាក្រុមពេល បោះតង់
ទោះបីជាមានអ្នកខ្លះគាត់ចូលចិត្តបោះតង់ម្នាក់ឯង តែជាទូរទៅការបោះតង់ ខ្ញុំផ្ទាល់បានឃើញថាមានការចូលរួមគ្នាដូចជាមិត្តភក្តិ ឬ ក្រុមគ្រួសារ។ ការចូលរួមគ្នាច្រើនបែបនេះហើយ ទើបធ្វើអោយការបោះតង់មួយមានភាពអ៊ូអរ រីករាយ ជាពិសេសការជួយគ្នាទៅវិញទៅមក ក្រុមបោះតង់ខ្លះគាត់មានគ្នាគាត់សម្រាប់រៀបចំ ដើររកអ៊ុសសម្រាប់ដុត រកទីតាំងសម្រាប់ចងអង្រឹងគេងលេង អ្នកខ្លះទៀតក៏រៀបចំកន្លែងសម្រាប់បង្កាត់ភ្លើង រៀបចំម្ហូបអាហារ ជាដើម។ សកម្មភាពទាំងអស់នោះ ធ្វើអោយយើងមានឳកាសចាប់ផ្តើមរីករាយក្នុងការធ្វើការជាក្រុម។
ទទួលបានអារម្មណ៌ល្អៗ
ចាកចេញពីទីក្រុងដ៏មមារញឹក ពោរពេញទៅដោយបរិយាកាសមិនល្អ ផ្សែងឡាន ម៉ូតូ នានា ដោយការចាប់ផ្តើមមកទទួលបរិយាកាសថ្មីៗ ល្អស្រស់ស្រាយបរិសុទ្ធ តាមសមុទ្រ ដងព្រែក ព្រៃភ្នំដងអូរ ផ្ការីកស្រស់ស្អាត សត្វយំ ធម្មជាតិពិតៗ ជាពិសេសបានមកសម្រាកលំហែជាមួយមនុស្សដែលគួរអោយស្រលាញ់ចូលចិត្ត អាម្មណ៌បែបនេះ និងធ្វើអោយអ្នកសប្បាយចិត្ត ភ្លេចអស់រាល់កង្វល់នានា ដែលគេនិយមហៅថា មកសាកថ្មជិវិតនោះអី?
បោះតង់ ទទួលបានអនុស្សាវរីយ៍ល្អៗ
នៅពេលយើងចាប់ផ្តើមបោះតង់ ច្បាស់ណាស់អ្នកនិងបង្កើតអនុស្សាវរីយ៍ជាច្រើន ចាប់តាំងពីពេលធ្វើដំណើររហូតដល់ថ្ងៃត្រឡប់មកផ្ទះវិញ។ អនុស្សាវរីយ៍ទាំងអស់នោះ វានិងដក់នៅក្នុងចិត្ត និងការចងចាំរបស់អ្នកតរៀងទៅ ហើយរាល់ពេលដែលអ្នកនឹកដល់វា ឬ យករូបថតស្អាតៗដែលអ្នកបានថតមកមើលឡើងវិញ ខ្ញុំជឿថាក្នុងចិត្តរបស់អ្នកប្រាកដជារីករាយ ហើយច្បាស់ជាមានបំណងចង់ទៅម្តងទៀតជាក់ជាមិនខាន។ កសាងអនុស្សាវរីយ៍ល្អៗ អោយបានច្រើន អ្នកនិងមិនមានពេលគិតដល់រឿងអាក្រក់ៗ។
ជាមួយនឹងអត្ថប្រយោជន៍ទាំងអស់ដែលអ្នកអាចទទួលបាននៅពេលអ្នកទៅបោះតង់ វាគ្មានហេតុផលណាមួយ ដែលមិនចូលចិត្តសកម្មភាពបោះតង់នោះទេ។ ការបោះតង់នេះធ្វើឱ្យអ្នកអាចចំណាយពេលជាមួយមនុស្សជាទីស្រលាញ់របស់អ្នក ទស្សនាសម្រស់ធម្មជាតិព្រៃភ្នំ សមុទ្រ ដែលធ្វើអោយអ្នករីករាយ ស្រស់ស្រាយ។ ដូច្នេះហើយ នៅពេលណាដែលអ្នកមានឱកាស ឬ ព្យាយាមបង្កើតឱកាសអោយបាន ដើម្បីឆ្លៀតពេលចេញទៅបោះតង់ សាកថ្មជីវិតឡើងវិញ ស្រូបពន្លឺព្រះអាទិត្យ បង្កើតមិត្តភាព បង្កើតបទពិសោធន៌ថ្មីៗ និងរស់នៅដោយសប្បាយរីករាយ។
ឧបករណ៌ដែលអ្នកបោះតង់មិនគួរមើលរំលង
នេះជាប្រភេទចង្ក្រានខ្នាតតូច សម្រាប់អ្នកបោះតង់: ស្វែងយល់លំអិត