ដើមត្នោត ត្រូវបានគេស្គាល់ថាជារុក្ខជាតិមួយប្រភេទដែលមានដុះយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងប្រទេសកម្ពុជា។ ហើយរុក្ខជាតិប្រភេទនេះ ដុះចេញមកមានដើមធំ ដុះត្រង់ទៅលើ ហើយមានកម្ពស់ខ្ពស់ៗ រហូតដល់អាចលើសពី ១០ ម៉ែត្រ ហើយស្លឹករបស់វាស្ថិតនៅកំពូលដើម មានរាងដូចជាផ្លិតធំៗ រឹងនិងមានផ្លែជាច្រើន។ ដើមត្នោត ក៏ត្រូវបានពលរដ្ឋខ្មែរគ្រប់រូបស្គាល់ថា ជាដួងព្រលឹងរបស់អ្នកស្រែចម្ការគ្រប់រូប និងក៏ជានិមិត្តរូបជាតិខ្មែរ របស់ប្រទេសកម្ពុជាផងដែរ។ រុក្ខជាតិប្រភេទនេះបានផ្ដល់សារៈប្រយោជន៍ជាច្រើន សំរាប់ឲ្យមនុស្ស យកទៅកែច្នៃសំរាប់ធ្វើជាសំភារៈ ប្រើប្រាស់ផ្សេងៗ និង ថែមទាំងអាចយកទៅធ្វើជាអាហារបានទៀតផង។
ខេត្តដែលសំបូរដើមត្នោតជាងគេគឺខេត្តកំពង់ស្ពឺហើយមនុស្សបាន ទទួលយក សារៈប្រយោជន៍ជាច្រើនពីដើមត្នោតដូចជា ៖ ផ្លែត្នោតខ្ចីគេអាចបរិភោគសាច់របស់វាដោយមានរសជាតិ ផ្អែមពិសារនិងថែមទាំងអាចយកទៅធ្វើជាបង្អែមផ្សេងៗបានទៀតផងដែរ។ មិនតែប៉ុណ្ណោះផ្លែត្នោតខ្ចីគេអាចយកទៅធ្វើជាមុខម្ហូបជាច្រើនមុខទៀត។ ចំណែកឯផ្លែទុំវិញគេអាច យកវាទៅធ្វើជានំយ៉ាងឈ្ងុយឆ្ងាញ់បានផងដែរ។ ហើយចំពោះស្លឹកត្នោតវិញ គេអាចយកទៅត្បាញ ធ្វើជាសំភារៈមួយចំនួនមាន៖ មួក កន្ដ្រក កន្ទេល និងថែមទាំងអាចយកទៅធ្វើជា វត្ថុអនុស្សាវរីយ៍ស្រស់ស្អាតជាច្រើននិងយកទៅវេចខ្ចប់ធ្វើនំផងដែរ។
អត្ថប្រយោជន៍នៃ ដើមត្នោត
ទឹកត្នោត៖ គេអាចយកទឹកត្នោតផ្អែមទៅរង្ងាស់ធ្វើជាស្ករត្នោត សម្រាប់ប្រើប្រាស់ដាក់ក្នុងមុខម្ហូបប្រចាំថ្ងៃ ទឹកត្នោតក៏អាចយកទៅផលិតធ្វើជាទឹកត្នោតជូរ ដែលប្រជាកសិករ អ្នកស្រែចម្ការ តែងតែប្រើវាមកជំនួសស្រា។ ទឹកត្នោតជូរដែលនៅសល់គេអាចចាក់ចូលទៅក្នុងក្រឡ ឬពីដុងទុកធ្វើជាទឹកខ្មេះក៏បាន។ ក្រៅពីនោះផ្នែកត្នោតខ្ចី យើងអាចយកវាមកធ្វើជាបង្អែម ឬ បន្ថែមនៅក្នុងសម្លកកូរក៏បាន។

ផ្លែត្នោតទុំ៖ ភាគច្រើនត្នោតទុំ គេអាចយកវាទៅធ្វើបង្អែម បានដូចជា៖ នំអាកោត្នោត, ចាហួយត្នោត,នំត្នោតបាយដំណើប,នំត្នោតម្សៅ, នំត្នោតចំហុយ ជាដើម។
គ្រាប់ត្នោត៖ គេយកវាទៅបណ្តុះក្នុងថ្នាលរយៈពេលមួយសប្តាហ៍ទៅ១០ថ្ងៃ គេដកវាមកកាប់ពុះយកកំពីងគ្រាប់ ត្នោតមកទទួលទាន ឬក៏ឆឹងហូបជាមួយស្ករក៏បាន ចំណែកកូនត្នោតតូចៗទើបតែលាស់សន្លឹក គេអាចដកវាយកទៅស្ងោរហូប ឬក៏ស្ងោរលក់នៅក្នុងពិធីបុណ្យទានផ្សេងៗក្នុងភូមិ ដែលមានរស់ជាតិឆ្ងាញ់ម្យ៉ាង។
ស្លឹកត្នោត៖ គេអាចយកវាទៅប្រក់ដំបូលផ្ទះ និង សម្រាប់បិទបាំងរបស់ផ្សេងៗ បន្ថែមពីនេះទៀតគឺប្រើសម្រាប់ធ្វើ កន្ទេល ដេរមួក ធ្វើស្មុក ធ្វើកន្ត្រក ធ្វើផ្លិត ខ្ចប់នំ និងធ្វើឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃបានច្រើនទៀត។
ធាងត្នោត៖ គេអាចយកទៅវិញធ្វើជាខ្សែគោ ឬធ្វើជាចំណងចងរបង និងចងរបស់របរផ្សេងៗ គាវត្នោតក៏អាចយកទៅដំយកជក់របស់វា មកធ្វើជាអំបោស វេញធ្វើជាខ្សែគោ ឬធ្វើជាចំណងក៏បាន។
ដើមត្នោត៖ គេអាចយកវាទៅធ្វើជាគ្រឿងផ្ទះ ធ្វើជាទូកសម្រាប់ជិះលេងកម្សាន្ត ធ្វើឧបករណ៍ប្រើប្រាស់ដូចជាធ្វើចាន ឆ្នាំង ស្លាបព្រា វែក ថាស ចានស្រាក់ ត្បាល់ អង្រែ ពែងតែឈុត ឬធ្វើជាគ្រឿងសង្ហារឹម មានដូចជាតុ ទូ កៅអី គ្រែ និងគ្រឿងលម្អផ្សេងៗសម្រាប់ដាក់តាំងក្នុងគេហដ្ឋាន។ល។ និង។ល។
វិធីធ្វើបបរត្នោត
ខ្ញុំសូមចែករំលែកវិធីធ្វើបបរត្នោតនេះមកពីហ្វេសបុករបស់ Phum Recipe ដែលបានរៀបរាប់ជាស្រេចអំពីវិធីធ្វើ បបរត្នោត ដ៏ឈ្ងុយឆ្ងាញ់។
ដើមត្នោតគឺជារុក្ខជាតិមួយដែលមានកំណើតតាំងពីយូរណាស់មកហើយ ដូច្នេះយើងត្រូវចូលរួមថែរក្សាសម្បត្តិទាំងនេះឲ្យបានគង់វង្ស ព្រោះវាជាកេរដំណែលរបស់ប្រទេសខ្មែរយើង។ ដើមត្នោតវាមានសារៈសំខាន់ណាស់ព្រោះវាមានប្រយោជន៍តាំងពីក្បាលរបស់វារហូតដល់ចុងជើងសុទ្ធតែមានផលប្រយោជន៍។