Khmore
WordPress

WordPress គឺជាអ្វី ហើយប្រើដើម្បីអ្វី?

សម្រាប់អ្នកដែលចូលមកអាននៅក្នុងអត្ថបទនេះ ប្រហែលជាអ្នកដែលចាប់អារម្មណ៍និងការបង្កើតប្លក់ វេបសាយ ឬក៏អាចចង់យល់ដឹងអំពីការបង្កើតវេបសាយផ្ទាល់ខ្លួនជាមិនខាន។ ជាដំបូងអ្នកច្បាស់ជាអាចនិងមានសំនួរថា WordPress ប្រើដើម្បីអ្វី? ហើយវាអស់លុយឬទេក្នុងការយកទៅប្រើប្រាស់? ឬក៏អ្នកខ្លះទៀតគាត់បានសួរថា អត់ចេះសរសេរកូដអីផង តើអាចបង្កើតវេបសាយបានឬអត់តាមរយៈ WordPress ហ្នឹង? អញ្ចឹងយើងអានបន្តទៀតដើម្បីដឹង និងស្គាល់អំពីទម្រង់ WordPress មួយនេះ ហើយក៏ដើម្បីឆ្លើយនិងសំនួរថា WordPress គឺជាអ្វី? និង WordPress ប្រើដើម្បីអ្វី?

តើ WordPress គឺជាអ្វី?

WordPress ជាកម្មវិធីពេញនិយម ដែលបានដាក់អោយទាញយកទៅប្រើប្រាស់ដោយមិនគិតថ្លៃ, ជាពិសេសទៅទៀតនោះ វាជាប្រភេទ Open-source ដែលអ្នកពូកែៗ គេបានបង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួលអោយអ្នកប្រើប្រាស់ដែលមានជំនាញរួចហើយ ឬ មិនមានជំនាញសោះក្នុងការសរសេរកូដកម្មវិធី ក៏អាចមានលទ្ធភាពក្នុងការបង្កើតវេបសាយបានដោយខ្លួនឯង។

ត្រង់ចំនុចនេះខ្ញុំសូមបញ្ជាក់បន្ថែមថា បើមិនចេះកូដសោះយើងពិតជាមានកំរិតនៅក្នុងការកែប្រែ លក្ខណៈរូបរាងនៃវេបសាយ Themes ដែលគេបានដាក់លក់ ឬ ចែករំលែកអោយយើងប្រើ។ តែប្រសិនបើយើងដឹងអំពីកូដខ្លះ ឬ ច្រើន​! នោះយើងនិងមានភាពងាយស្រួលក្នុងការកែប្រែទម្រង់ដែលមានស្រាប់ អោយកាន់តែបត់បែនតាមចិត្តដែលយើងចង់បាន។

WordPress គឺជាប្រភេទ Content Management System (CMS) ដែលគេសរសេរដោយភាសារកូដ PHP ហើយប្រើប្រាស់ MySQL database. ហើយបើសរសេរអោយស្រួលយល់គឺ WordPress ប្រើសម្រាប់បង្កើត និងគ្រប់គ្រងវេបសាយ ដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ បើទោះបីជាគាត់មិនមានជំនាញជាអ្នក ចេះសរសរកូចកម្មវិធីក៏ដោយ។

WordPress គឹជាទំរង់សម្រាប់យកទៅបង្កើតវេបសាយដែលល្អបំផុត សម្រាប់អ្នកជំនាញសរសេរកម្មវិធីវេបសាយ វាជួយអោយការសរសេរវេបសាយ លឿនជាងមុន មានប្រសិទ្ធភាពជាងមុន។ ហើយអ្នកអាចបង្កើតវេបសាយចាប់ផ្តើមពីប្លក់ធម្មតា រហូតបង្កើតជាវេបសាយប្រភេទលក់ទំនិញតាមអនឡាញទៀតក៏បាន ដោយប្រើទំរង់ WordPress នេះ។

បច្ចុប្បន្ននេះកម្មវិធី WordPress បានធ្វើកំណែទម្រង់ដល់ជំនាន់ 6.4.2 ហើយ! អាច Download បានតាមរយៈ LINK មួយនេះ។

ដូចម្តេចដែលហៅថា WordPress Website?

គ្រប់វេបសាយដែលប្រើទំរង់ WordPress ដើម្បីគ្រប់គ្រងទិន្នន័យនៃវេបសាយនោះ គេហៅថាជា WordPress Website ហើយ។ WordPress មានវិសាលភាពដែលអាចគ្រប់គ្រងបានទាំង Backend ហើយនិង Frontend។ ខាងក្រោមនេះ ខ្ញុំនិងព្យាយាមបង្ហាញអោយកាន់តែច្បាស់ថាតើ WordPress គឺជាអ្វី ហើយត្រូវបានគេប្រើដើម្បីបង្កើតវេបសាយ ឬប្លក់អ្វីបានខ្លះ?

  • Backend គឺជាផ្នែកខាងក្នុងដែលយើងជាម្ចាស់វេបសាយ តម្រូវអោយ Login ចូលទៅដើម្បីធ្វើការកែប្រែ ឬ បន្ថែមមាតិកាអត្ថបទណាមួយនៅក្នុងវេបសាយនោះ។
  • Frontend គឺជាផ្នែកខាងក្រៅដែលយើងអាចហៅថា រូបរាងនៃវេបសាយ ដែលអ្នកប្រើប្រាស់ទូទៅ អាចមើលឃើញដោយគ្រាន់តែចូលទៅកាន់វេបសាយនោះ។

ខាងក្រោមនេះជាប្រភេទវេបសាយ ដែលអាចបង្កើតឡើងបានដោយប្រើប្រាស់ WordPress:

  • Blog: ប្លក់គឺជាគេហទំព័រពិសេសមួយដែលត្រូវបាន ប្រើសម្រាប់ការចែករំលែកទស្សនៈផ្សេងៗ រូបថត ការបង្រៀននិងអ្វីៗជាច្រើនទៀត។ ប្លុកជាធម្មតាបង្ហាញមាតិកាដែលត្រូវបានផ្សព្វផ្សាយថ្មីៗបំផុតមុនគេនិងនៅលើគេ។
  • E-commerce website: គេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិច អនុញ្ញាតឱ្យអ្នកលក់ទំនិញឬសេវាកម្មតាមអ៊ិនធឺរណែត និងប្រមូលការទូទាត់តាមរយៈប្រព័ន្ធទូទាត់តាមអ៊ីនធឺណិត។ អ្នកអាចទាញយកនិងតំឡើងកម្មវិធី WordPress E-commerce plugin, ដែលជា Plugin ពិសេសប្រើប្រាស់សម្រាប់បំពាក់បន្ថែមជាមួយ​ WordPress ដើម្បីប្រែក្លាយអោយ WordPress ធម្មតាអោយទៅជាហាងដែលអាចលក់អនឡាញបាន។
  • Business Website: អាជីវកម្មជាច្រើននឹងទទួលបានអត្ថប្រយោជន៍ពីការដែលមានវេបសាយសម្រាប់បង្ហាញពីសេវាកម្ម ឬ ផលិតផលរបស់ខ្លួននៅលើបណ្តាញអ៊ីនធើណែត។ លោកអ្នកអាច ដាក់ផ្សាយរូបភាពផលិតផល ឬ សេវាកម្មនោះដល់អតិថិជន ពួកគាត់អាចចូលមើលព័ត៌មានទាំងនោះបាន ២៤ម៉ោង ដោយមិនកំណត់ ហើយប្រសិនបើអតិថិជន ត្រូវការណាត់ជួប ឬមានចង្ងល់ផ្សេងៗក៏ពួកគាត់អាចទំនាក់ទំនងមកភ្នាក់ងារលក់របស់អ្នក តាមវេបសាយបានដែរ។
  • Membership website: វេបសាយសមាជិកភាព អនុញ្ញាតឱ្យអ្នកប៉ុស្តមាតិកាបាន លុះត្រាតែអ្នកបង់លុយដើម្បីក្លាយជាសមាជិក ឬ ក៏តម្រូវអោយ Login ចូលជាមុនសិន។ ហើយដើម្បីមើល មាតិកាទាំងនោះ អ្នកប្រើប្រាស់ត្រូវតែចូលឬបង់ប្រាក់សម្រាប់សមាជិកភាពជាមុនសិន តែខ្លះទៀតគេអនុញ្ញាតិអោយយើងមើលបានដោយមិនបង់ប្រាក់ ក៏ប៉ុន្តែសម្រាប់មាតិកាល្អៗ គឺត្រូវតែបង់ប្រាក់។
  • Portfolio website: បង្ហាញស្នាដៃសិល្បៈ ជំនាញរចនា របស់អ្នកនិងអ្វីៗជាច្រើនទៀតជាមួយវេបសាយ ប្រភេទសម្រាប់បង្ហាញស្នាដៃ ឬ លទ្ធផលការងារដែលយើងសម្រេចបាននេះ។
  • Forum website: វេបសាយវេទិកា អាចជាកន្លែងមានប្រយោជន៍សម្រាប់អ្នកប្រើប្រាស់សួរសំណួរឬចែករំលែកយោបល់។ ជឿឬមិនជឿគេហទំព័រវេទិកាជាច្រើនដំណើរការដោយ WordPress ផងដែរ។
  • Event website: ជាប្រភេទវេបសាយដែល អាចបង្កើតព្រឹត្តិការណ៌ ឬ កម្មវិធីអ្វីមួយ ហើយអាចលក់សំបុត្របាន។
  • E-learning website: ជាប្រភេទវេបសាយដែល​បង្កើតឡើងដើម្បីធ្វើជាកន្លែងបង្រៀនដល់សិស្សជុំវិញពិភពលោក សិស្សអាចមើលវីដេអូបង្រៀន ឬ សៀវភៅ ហើយអាចទាញយកមកបានថែមទៀត។

ប្រភេទវេបសាយខាងលើនេះ សុទ្ធសឹងតែអាចបង្កើតឡើងដោយប្រើប្រាស់ WordPress បូកបន្ថែមជាមួយ Plug-in មួយចំនួនផ្សេងទៀតដើម្បីអោយគេហទំព័រដែលយើងចង់បង្កើតមានសភាពពេលលក្ខណៈតាមតម្រូវការ។ មកដល់ត្រង់ចំនុចនេះ សំនួរ WordPress គឺជាអ្វី ត្រូវបានឆ្លើយរួចហើយ។ ដូចនេះហើយ WordPress គឺមានអត្ថប្រយោជន៍ និងមានវិសាលភាពនៃការប្រើប្រាស់បានយ៉ាងទូលំទូលាយ អាស្រ័យលើអ្នកប្រើប្រាស់ ឬ អ្នកបង្កើតវេបសាយគាត់ចង់បាន។

មើលបន្ថែមទៀត ថាតើវេបសាយណាខ្លះបង្កើតដោយប្រើ WordPress

ក្រៅពីអត្តប្រយោជន៌ដែលមានស្រាប់ ក៏មានអ្នកជំនាញសរសេរកូដជាច្រើនជុំវិញពិភពលោកបាន អភិវឌ្ឍន៌ Theme & Plugin ដើម្បីអោយអ្នកប្រើប្រាស់ទាញយកមកប្រើ ឬ ទិញយកមកបំពាក់បន្ថែមនៅលើ WordPress ដើម្បីអោយ WordPress កាន់តែអស្ចារ្យនិង មានភាពបត់បែនកាន់តែខ្លាំង។

តើ WordPress សមស្របសម្រាប់ខ្ញុំប្រើដែរឬទេ?

ប្រសិនបើអ្នកឆ្ងល់ថា តើ WordPress សមស្របសម្រាប់អ្នកដែរឬទេ? ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង:

  • ភាពងាយស្រួល ជាមួយនិង WordPress លោកអ្នកអាចចាប់ផ្តើមបង្កើតវេបសាយ រៀបចំទំរង់រូបរាង និងចាប់ផ្តើមប៉ុស្តអត្ថបទបានដោយងាយ និង រហ័ស។
  • មិនចំណាយលុយ យកទំរង់ WordPress នេះទៅប្រើប្រាស់គឺមិនតម្រូវអោយចំណាយលុយអ្វីទាំងអស់។ អ្នកអាចទាញយកពី WordPress.org ក៏បាន ឬ ក៏នៅពេលដែលអ្នកទិញ Hosting, ក្រុមហ៊ុន Hosting ទាំងនោះនិងមានកន្លែងអោយអ្នកអាច Install WordPress បានតែម្តង។
    ចំណាំ: ការប្រើប្រាស់ WordPress មិនតម្រូវអោយចំណាយលុយ តែលោកអ្នកត្រូវទិញ Domain ឬ Hosting ដើម្បីដាក់ដំណើរការ WordPress។
  • មានភាពបត់បែន ក្រៅពីវេបសាយប្រភេទផ្ទាល់ខ្លួន អ្នកអាចបង្កើតវេបសាយជំនួញ វេបសាយបង្រៀន វេបសាយព័ត៌មាន និងជាច្រើនប្រភេទទៀត។
  • ប្រើប្រាស់ស្រួលមិនស៊ាំញ៉ាំ យើងអាចនិយាយបានថា ប្រសិនបើអ្នកចេះប្រើកម្មវិធី Microsoft Word អ្នកច្បាស់ជាអាចប្រើប្រាស់ WordPress បានជាក់ជាមិនខាន។
  • មិនចាំបាច់ចេះសរសេរកូដ អ្នកមិនចាំបាច់អោយចេះសរសេរកូដ ដើម្បីប្រើប្រាស់ WordPress ឬដើម្បីគ្រប់គ្រងវេបសាយ ដែលដំណើរការដោយ WordPress នោះទេ។
  • មាន​ Plugin និង Theme ច្រើន គឺជាផ្នែកមួយសំខាន់បំផុតដែលអ្នកប្រើប្រាស់ WordPress ត្រូវតែដឹង និងយល់ពីវា។ WordPress មាន Plugin & Theme ច្រើនដូច្នេះហើយ អ្នកគ្រង់គ្រងវេបសាយនេះអាចបន្ថែមភាពបត់បែនអោយវេបសាយរបស់អ្នកកាន់តែអស្ចារ្យ។
  • សុវត្ថិភាពនៃវេបសាយ ដោយសារតែ WordPress បង្កើតឡើងដោយអ្នកជំនាញជាច្រើន ដូច្នេះហើយផ្នែកខាងសុវត្ថិភាពគឺត្រូវបានយកចិត្តទុកដាក់ និង បន្ទាន់សម័យជានិច្ច ដើម្បីប្រាកដថា និងមិនមានបញ្ហាដល់វេបសាយរបស់អ្នក ដែលកំពុងប្រើប្រាស់ WordPress Platform។

ទិន្នន័យអ្នកប្រើប្រាស់ WordPress សម្រាប់ឆ្នាំ២០២០

ដោយយើងទៅតាមទិន្នន័យដែលទទួលបានពី w3techs.com ចំនួនអ្នកប្រើប្រាស់ WordPress ប្រមាណជា 40,5% នៃវេបសាយដែលមានលើអ៊ីនធើណេតទាំងអស់ ដែលជាប្រភេទវេបសាយបែប Content Management System។

តើមានវេបសាយល្បីៗណាខ្លះ ដែលប្រើប្រាស់ WordPress?

មានវេបសាយល្បីៗជាច្រើនដែលជ្រើសរើសយក WordPress ទៅប្រើប្រាស់ មានដូចជា NBC, CBS, USA Today, Time, Disney, Airbnb, Spotify, TechCrunch…

អ្នកអាចមើលបន្ថែមទៀតបាន ថាតើមានវេបសាយណាខ្លះប្រើប្រាស់ WordPress ដោយចូលទៅកាន់ទំព័រផ្លូវការរបស់ WordPress Showcase ។

WordPress.com vs. WordPress.org ខុសគ្នាយ៉ាងដូចម្តេច?

ប្រសិនបើអ្នកចាប់ផ្តើមស្រាវជ្រាវទាក់ទងនិង WordPress អ្នកប្រហែលជានិងបានឃើញ WordPress.com និង WordPress.org ពីរនេះគឺមានភាពខុសគ្នា

  • WordPress.com វេបសាយរបស់អ្នកនិង Host ជាមួយវេបសាយ WordPress.com ក្រោយបង្កើត Account អ្នកនិងទទួលបានប្លក់មួយ អបជាមួយនិង Domain ដែលមានភ្ជាប់ដោយពាក្យថា WordPress.
    • ឈ្មោះរបស់វេបសាយអ្នកនិងមានទំរង់ myblog.wordpress.com
    • ប្រសិនបើអ្នកចង់បានឈ្មោះផ្ទាល់ខ្លួនដាច់ដោយឡែកគឺត្រូវបង់លុយដើម្បី Upgrades ហើយពេល Upgrades អ្នកអាចមានទំហំ Hosting ធំជាងមុន ហើយអាចគ្រប់គ្រង Theme and Plugin ដោយខ្លួនឯង។
  • WordPress.org ជាកន្លែងដែលអ្នកអាចទាញយក WordPress Software ដើម្បីយកទៅតំឡើងជាមួយ Server ឬ Web Hosting ណាមួយដែលអ្នកបានទិញ។
    • WordPress គឺជា Open-Source ដែលអនុញ្ញាតិអោយប្រើដោយមិនគិតថ្លៃ
    • ដើម្បីប្រើប្រាស់ WordPress.org បានអ្នកត្រូវមាន Domain និង Hosting ហើយអ្នកអាចទិញ Domain និង Hosting បានជាមួយក្រុមហ៊ុន ណិចសេស.
    • ក្រុមហ៊ុន Hosting ជាច្រើនបានផ្តល់ជម្រើសងាយស្រួលអោយយើងរួចហើយ គឺលទ្ធភាពដែលអាច តំឡើង WordPress បានដោយមិនចាំបាច់ចូលទៅទាញយកពី WordPress.org.

តើ WordPress Theme គឺជាអ្វី?

ប្រសិនបើពន្យល់អោយងាយយល់ Theme គឺជាទំរង់ រូបរាង និងពណ៌សម្បុរ ដែលអ្នកប្រើប្រាស់និងមើលឃើញនៅពេលដែលពួកគាត់បើកចូលវេបសាយរបស់យើង។

ជាមួយ WordPress អ្នកអាចទាញយក Theme Free ឬ ទិញ Theme ដែលបង់លុយយកមកប្រើបាន ដោយខុសគ្នាត្រង់ថា Theme Free មិនសូវមានជម្រើសអោយយើងអាច កែប្រែទំរង់រូបរាងនៃ Theme​ នោះបានច្រើន។ ហើយ Theme ដែលបង់លុយគឺអ្នកបង្កើតគេ បានដាក់ជម្រើសអោយយើងជាអ្នកប្រើប្រាស់មានលទ្ធភាពក្នុងការ កែប្រែទំរង់នៃ Theme នោះបានទាំងស្រុង ឬ ក៏បានមួយផ្នែកធំ។ ការកែប្រែទាំងនោះ គឺអាស្រ័យលើ Theme ដែលអ្នកជ្រើសរើស សូមមើលលក្ខណៈសម្បត្តិនៃ Theme និមួយៗអោយបានច្បាស់មុននិងសម្រេចចិត្តទិញ។

លោកអ្នកដែលចង់បាន Theme Premium និង Plugin Premium អ្នកចូលទៅកាន់វេបសាយ Themeforest ដើម្បីរកមើល Theme ស្អាតៗ ហើយវេបសាយ Codecanyon ដើម្បីរកមើល Plugin ល្អៗ សម្រាប់វេបសាយរបស់លោកអ្នកបាន។

តើ WordPress Plugin គឺជាអ្វី?

វាគឺជាកញ្ចប់ដែលប្រមូលផ្តុំដោយកូដផ្សេងៗ សម្រាប់ដាក់បន្ថែមអោយ WordPress របស់អ្នកកាន់តែមានភាពបត់បែន និងមានសភាពកាន់តែពិសេស​ និងសំបូរបែប។

ខ្ញុំសូមលើកឧទាហរណ៌មួយមកបញ្ជាក់: WordPress របស់ខ្ញុំមិនទាន់មានកន្លែងសម្រាប់អោយអ្នកប្រើប្រាស់ អាចផ្ញើសារ ពីវេបសាយចូលទៅក្នុងប្រអប់សាររបស់ Facebook Page ខ្ញុំបានទេ។

ដូច្នេះហើយខ្ញុំក៏សម្រេចចិត្តប្រើប្រាស់ Plugin មួយដែលមានឈ្មោះថា Ninja ដើម្បីបន្ថែមសមត្ថភាព​អោយវេបសាយរបស់ខ្ញុំកាន់តែងាយស្រួលសម្រាប់អតិថិជន ផ្ញើសារចូលទៅក្នុង Facebook Page បាន។

ត្រង់ចំនុចនេះហើយដែលយើងហៅថា Plugin ជួយអោយវេបសាយកាន់តែ មានភាពបត់បែន។ អ្នកអាចស្វែងរក Plugin ទៅតាមតម្រូវការប្រើប្រាស់រៀងៗខ្លួន ដោយចូលទៅកាន់ Codecanyon ហើយធ្វើការស្វែងរក។

រកលុយតាមរយៈ WordPress

នៅពេលដែលលោកអ្នកចេះប្រើកម្មវិធី WordPress លោកអ្នកអាចប្រើប្រាស់ចំណេះដឹងនោះដើម្បីរកលុយពីវាបាន ដោយបង្កើត Online Store ឬ ក៏ប្រសិនបើអ្នកចេះសរសេរកូដ អ្នកអាចសរសេរកូដវេបសាយ ដោយប្រើប្រាស់ WordPress សម្រាប់អតិថិជនរបស់អ្នកបាន។

  • បង្កើត WordPress វេបសាយសម្រាប់អតិថិជន ប្រសិនបើអ្នកជា អ្នកដែលចេះសរសេរកូដ អ្នកអាចប្រើប្រាស់ WordPress ដើម្បីបង្កើតវេបសាយអោយអតិថិជន ព្រោះថាពេលដែលបង្កើតហើយ អ្នកអាចបង្រៀនពួកគាត់ប្រើប្រាស់ បានដោយងាយ និងចំណាយពេលបង្រៀនតិច។
  • ថែទាំ WordPress វេបសាយ អ្នកអាចធ្វើជាអ្នកមើលថែសុវត្ថិភាពរបស់វេបសាយនោះ ធ្វើជាអ្នកជំនាញផ្នែក SEO, Backup…
  • WordPress Consulting អ្នកអាចធ្វើជាអ្នកផ្តល់យោបល់ រៀបចំវេបសាយ កែទម្រង់ផ្សេងៗ ឬ រកវិធីធ្វើអោយវេបសាយនោះ មានចំនួនអ្នកមើលច្រើន។
  • ជាអ្នកសរសេរអត្ថបទ ប្រសិនបើអ្នកចេះ WordPress ហើយក៏ជាអ្នកជំនាញផ្នែកសរសេរអត្ថបទ អ្នកអាចប្រើជំនាញនោះដើម្បីធ្វើអោយខ្លួនឯងក្លាយជាអ្នកសរសេរអត្ថបទប្រចាំវេបសាយនោះផងដែរ។

មកដល់ត្រង់ចំនុចនេះ អ្នកប្រហែលជាបានដឹងថា WordPress គឺជាអ្វីហើយប្រើសម្រាប់ធ្វើអ្វីហើយ។ ការដែលចេះជំនាញ WordPress លោកអ្នកអាចប្រើវាដើម្បីជាប្រយោជន៌ផ្ទាល់ខ្លួនផង និងអាចប្រើវាដើម្បីគ្រង់គ្រងការងាររបស់អាជីវកម្ម ឬ ក្រុមហ៊ុនផង។ អ្នកអាចចាប់ផ្តើមរៀនប្រើប្រាស់ WordPress ឬ ក៏បង្កើតវេបសាយមួយដោយប្រើប្រាស់ WordPress ខ្លួនឯងបានដោយងាយ។

Hosting មួយណាសមស្របសម្រាប់ប្រើប្រាស់ជាមួយ WordPress

មុនដឹងដល់ការបកស្រាយថា តើ Hosting មួយណាសមស្របជាមួយហើយដំណើរការល្អជាមួយ WordPress យើងត្រូវដឹងអំពី អ្វីទៅដែលហៅថា Hosting?

Hosting ជាកន្លែងសម្រាប់ផ្ទុកឯកសារ ដែលផ្តល់ដោយ Web Server សម្រាប់អោយយើងផ្ទុកឯកសារវេបសាយរបស់យើង មានដូចជា រូបភាព ឯកសារកូដផ្សេងៗ។ Hosting មានច្រើនប្រភេទដូចជា Share Hosting, Managed WordPress, VPS, Dedicated Hosting…កញ្ចប់ ឬ ប្រភេទនៃសេវាកម្ម Hosting ត្រូវបានអោយឈ្មោះផ្សេងៗគ្នាតាមក្រុមហ៊ុននីមួយៗ ដូច្នេះអ្នកអាចនឹងឃើញឈ្មោះផ្សេងៗពីការរៀបរាប់ខាងលើ។

ទំហំនៃ Hosting គឺអាស្រ័យទៅលើកញ្ចប់ដែលយើងបានទិញ។ ក្រុមហ៊ុនខ្លះដែលផ្តល់សេវាលក់ Hosting គេដាក់ថា Unlimited Space បានន័យថា មិនកំណត់ទំហំ។ ចំណែកឯក្រុមហ៊ុនខ្លះទៀត ក៏បានកំណត់ត្រឹមតែ ១០GB ទៅ ១៥GB តែប៉ុណ្ណោះ ដូច្នេះសូមពិនិត្យមើលអោយច្បាស់នៅលក្ខណៈទាំងអស់នេះ។

ចំពោះសំនួរខាងលើថាតើ Hosting មួយណាដែលសមស្របសម្រាប់វេបសាយរបស់អ្នក?

គ្រប់កញ្ចប់ Hosting ដែលគេបានលក់អោយយើងគឺមានជម្រើសច្រើនដូចជា Share Hosting, WordPress Hosting, and E-Commerce Hosting… ជម្រើសដែលល្អសម្រាប់ WordPress លោកអ្នកគួរតែមើលជម្រើសដែលគេដាក់ថា WordPress Hosting។ ព្រោះជាទូទៅ គេធ្វើកញ្ចប់នេះឡើងដើម្បីតម្រូវ WordPress វេបសាយផ្ទាល់តែម្តង។

សម្រាប់វេបសាយ kh.social នេះ! ខ្ញុំប្រើប្រាស់សេវាកម្ម Hosting របស់ Hostinger ដោយសារតែល្បឿនលឿនសមល្មមសម្រាប់តម្រូវការរបស់ខ្ញុំនាពេលនេះ ហើយមានទីតាំង Server សម្រាប់អោយយើងជ្រើសរើស ដើម្បីដាក់វេបសាយយើងថែមទៀតផង។ បានន័យថា ប្រសិនបើអ្នកប្រើប្រាស់របស់យើង នៅប្រទេសខ្មែរ ឬ អាស៊ីច្រើន នោះយើងអាចកំណត់យើង ទីតាំង Server នៅប្រទេសជិតៗអតិថិជនយើងបាន។

ខាងក្រោមនេះជាទីតាំង Server របស់ Hostinger: UK, US, Mumbai – India, Brazil, Netherlands, Singapore, Indonesia.

ទោះជាយ៉ាងណា Hostinger ជាជម្រើសរបស់ខ្ញុំ អ្នកទាំងអស់គ្នានៅតែអាចជ្រើសរើសជម្រើសផ្សេងៗទៀតបានផងដែរ តាមតម្រូវការរៀងៗខ្លួន តែកុំភ្លេចមើលតម្លៃផង។

ក្រុមហ៊ុនដែលផ្តល់សេវាកម្ម Hosting មានដូចជា: Hostinger, HostGator, Namecheap, Nexcess

លោកអ្នកអាចចុចមើលតាមតំណរភ្ជាប់ខាងលើ ហើយប្រៀបធៀបតំលៃណាមួយ ជាមួយនិងលក្ខណៈសម្បត្តិដែលត្រូវនិងតម្រូវការលោកអ្នក។

រូបភាពតាំងនៅខាងមុខបានមកពី:Markus Winkler from Pixabay