វិធីដែលយើងរកប្រាក់ បានកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស សម្រាប់ពិភពលោកទាន់សម័យនាពេលបច្ចុប្បន្ននេះ។ យើងសង្កេតឃើញមាន បុគ្គលកាន់តែច្រើនឡើងៗ ចាប់ផ្តើមងាកមក ចាប់អារម្មណ៍ និងចាប់យកការងារ តាមអ៊ីនធើណេត។ អ្នកគ្រប់គ្នាសុទ្ធតែបានដឹងហើយថា បញ្ហា កូវីដ-១៩ បានផ្តល់ផលប៉ះពាល់ជាច្រើនមិនថាប្រទេសយើង ឬ ប្រទេសផ្សេងៗទៀតនោះទេ ទាំងសេដ្ឋកិច្ច និងការងារ។ ដូច្នេះហើយការស្វែករក ការងារអនឡាញ ដែលអាចធ្វើនៅផ្ទះបាន វាប្រហែលជាពាក្យគន្លឺះមួយដែលអ្នកកំពុងតែចុចស្វែងរកនៅលើវេបសាយ Google។
ប៉ុន្តែការដែរយើង ស្វែងរកការងារអនឡាញ ចុចរកមើលពី គេហទំព័រមួយ ទៅគេហទំព័រមួយទៀត ដោយសារតែ ឳកាសការងារចេះតែតិចទៅៗ ហើយអ្នករកមើលនិងចាបអារម្មណ៍ធ្វើចេះតែកើនឡើង។ ការងារអនឡាញ មួយចំនួនមិនប្រាកដថា ស្របច្បាប់ ឬត្រឹមត្រូវនោះទេ ខ្លះក៏មានរូបភាពបោកបញ្ចោត ដូច្នេះហើយក៏ត្រូវមានការប្រុងប្រយ័ត្នសម្រាប់ចំនុចនេះផងដែរ។
ដោយហេតុនេះហើយ នៅក្នុងអត្ថបទនេះខ្ញុំបានស្រាវជ្រាវរក អាជីពអនឡាញ មួយចំនួនយកមកចែករំលែក ដល់អ្នកអានទាំងអស់គ្នានៅទីនេះ ខ្ញុំសង្ឃឹមថាអ្នកនិងអាចចាប់ផ្តើមធ្វើអ្វីមួយបាន ក្នុងចំណោមការងារ ដែលដាក់បញ្ចូលនៅក្នុងអត្ថបទនេះ។
អាជីពទាំង២៤ សម្រាប់ឆ្នាំ២០២១
១. អ្នកគ្រប់គ្រងបណ្តាញសង្គម
បណ្តាញសង្គមដូចជា ហ្វេសបុក បច្ចុប្បន្នកំពុងទទួលបានការពេញនិយម ហើយចំនួនអ្នកចាប់ផ្តើមបង្កើត Facebook Page ដើម្បីបង្កើតអាជីវកម្មអនឡាញ កាន់តែច្រើនឡើងៗ ដូច្នេះហើយ អាជីពអនឡាញ ជាអ្នកគ្រប់គ្រង និងកាន់ Page អោយម្ចាស់អាជីវកម្មទាំងនោះ គឺមានតម្រូវការខ្ពស់។ នៅស្រុកយើងអ្នកខ្លះ គាត់កំពុងកាន់ Facebook Page អោយគេ ៣ ទៅ ៥ Page ឬច្រើនជាងនេះផង។ ដូច្នេះហើយប្រសិនបើអ្នក មានជំនាញផ្នែកនេះ, លោកអ្នកអាចសាកល្បងចាប់ផ្តើមអាជីពនេះបាន។ ការងារទូទៅដែលអ្នកត្រូវធ្វើនៅផ្នែកនេះ មានដូចជា គ្រប់គ្រង Comments, បង្កើតមាតិកា ដើម្បីអោយអតិថិជន ចាប់អារម្មណ៍មកលើ Page, បង្កើនការលក់នៅក្នុង Page ។
២. អ្នកបង្រៀនតាមអនឡាញ
ខ្ញុំជឿថា អ្នកដែលរស់នៅភ្នំពេញច្បាស់ជាធ្លាប់ឃើញ ផ្លាកដែលគេបិតនៅតាមទីសាធារណៈ ឬ បង្គោលភ្លើង ដែលគេសរសេរថា មានបង្រៀនតាមផ្ទះ មុខវិជ្ជា គណិត រូប គីមី ចិន ថៃ អង់គ្លស…។ ច្បាស់ណាស់ ថាអ្នកប្រាកដជានិងធ្លាប់ឃើញ តែសម័យកាលនេះ កូវីដផង មិនងាយនិងមកបង្រៀនតាមផ្ទះគេទេ ដូច្នេះហើយប្រសិនបើលោកអ្នក មានជំនាញបង្រៀនទាំងនេះ លោកអ្នកអាចប្រើប្រាស់ អត្ថប្រយោជន៍នៃ អ៊ីធើណេតដើម្បីបង្កើតថ្នាក់រៀន អនឡាញក៏បាន ថតវីដេអូបង្រៀនតាមអនឡាញក៏បាន លោកអ្នកអាចលក់នូវវីដេអូទាំងនោះ។ សម្រាប់ការបង្រៀនតាម អនឡាញលោកអ្នកមិនតម្រូវអោយមានការចំណាយខ្ពស់ក្នុងការរៀបចំ ឧបករណ៍ដើម្បីបង្រៀននោះទេ។
៣. អ្នកបង្រៀនផ្នែកកីឡា
ប្រសិនបើអ្នកមានជំនាញផ្នែកខាងកីឡា លោកអ្នកក៏នៅតែអាចបង្រៀនតាម អនឡាញបានដែរ។ យើងប្រហែលជាធ្លាប់ឃើញ នៅបរទេសគេមើលទូរទស្សន៍ ហើយហាត់ប្រាណតាមគ្រូដែលគេបង្រៀននោះ។ ដូច្នេះហើយ មិនខុសពីទូរស្សន៍ យើងក៏អាចបង្កើតដូចជា YouTube Channel ដើម្បីបង្ហាត់បង្រៀនបានដូចគ្នា។ ឬ ក៏ប្រសិនបើមាននណាម្នាក់ជួលអ្នកជាគ្រូបង្រៀនឯកជនផ្នែកកីឡានេះ លោកអ្នកអាចប្រើ Zoom ឬ Skype ដើម្បីបង្ហាត់ពួកគាត់បាន។
៤. អ្នកផ្តល់ការប្រឹក្សា ផ្នែកខាងសម្ផស្ស
ដោយសារតែមានផលិតផលគ្រឿងសំអាងជាច្រើនម៉ាក ច្រើនប្រភេទ ហើយក៏មានចំនួនអ្នកប្រើប្រាស់ច្រើនដែលមិនច្បាស់និងត្រូវប្រើមួយណា ឬ ប្រភេទណាទើបល្អ។ ដូច្នេះហើយប្រសិនបើអ្នកគឺជាអ្នកជំនាញ ផ្នែកនេះ។ អ្នកអាចបង្កើតជាវីដេអូ ណែនាំ បង្ហាត់បង្រៀន Makeup ឬក៏ពន្យល់ពីការប្រើប្រាស់ផលិតផលទាំងនោះ ខ្ញុំជឿជាក់ថា Channel របស់អ្នកនិងមានអ្នកមើលច្រើន ព្រោះថាផ្នែកខាងសម្ផស្សនេះ គឺពេញនិយមណាស់សម្រាប់បងៗ និងប្អូនៗ នារី។
៥. ជំនួយការនិមិត្ត
ប្រសិនបើអ្នកធ្លាប់ឆ្ងល់ថា តើមានឬអត់ អាជីពអនឡាញ សម្រាប់អ្នកដែលមិនសូវមានជំនាញច្បាស់លាស់ ឬ ក៏ចេះល្មមៗ តើអាចរកការងារអនឡាញធ្វើបានឬទេ? ច្បាស់ណាស់ ប្រសិនបើនេះគឺជាសំនួររបស់អ្នក, ជំនួយការនិមិត្តគឺជាចំលើយ។ ខ្ញុំមិនប្រាកដថា នៅកម្ពុជាយើងមានអ្នកធ្វើផ្នែកនេះ ឬក៏អត់ទេ ក៏ប៉ុន្តែនៅស្រុកគេ គឺមាន ហើយពេញនិយមទៀតផងសម្រាប់អ្នកដែលមានការងារច្រើន រវល់ហើយត្រូវការជំនួយការ ដែលជួយការងារម្តងម្កាលដូចជា ការងារការិយាល័យប្រភេទ ត្រឹមតែឆ្លើយឆ្លងអ៊ីម៉ែល, ទទួលទូរសព័្ទ ឬទំនាក់ទំនងទៅអតិថិជន។ ការងារប្រភេទជំនួយការនិមិត្តនេះ គឺងាយស្រួល ហើយមិនតម្រូវអោយមានជំនាញខ្ពស់នោះទេ។
៦. អ្នកបញ្ចូលទិន្នន័យ
ប្រសិនបើអ្នកចេះប្រើប្រាស់កម្មវិធីដូចជា Microsoft Excel ការងារប្រភេទនេះគឺសម្រាប់អ្នកហើយ។ ការងារជាអ្នកបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធរបស់ក្រុមហ៊ុន ឬ សហគ្រាសរបស់គេ។ ការងារប្រភេទនេះ អ្នកអាចធ្វើនៅទីណាក៏បាន ដោយតម្រូវអោយអ្នកចេះប្រើប្រាស់កម្មវិធីកុំព្យូទ័រ ធម្មតាៗ ដូចជា Word ឬ Excel គឺអាចប្រើការបានហើយ។
៧. អ្នកនិពន្ធឯករាជ្យ
អ្នកមានជំនាញសរសេរ អ្នកអាចស្វែងរកការងារ ដូចជាផ្នែកខាងសរសេរអត្ថបទសម្រាប់គេហទំព័រ ឬ សម្រាប់ទស្សនាវដ្តី ណាមួយក៏បាន។ មានគេហទំព័រជាច្រើនគេ បានប្រើប្រាស់សេវាកម្ម និពន្ធនេះ ដោយម្ចាស់គេហទំព័រមិនមែនគ្រប់គ្នាសុទ្ធតែអាចសរសេរបាននោះទេ ដូច្នេះហើយទើបសេវាកម្មនេះ ពេញនិយមខ្លាំងបំផុត។ ប្រសិនបើអ្នកជាអ្នកនិពន្ធ ដែលអាចសរសេរភាសា អង់គ្លេស ឬ ភាសាផ្សេងៗទៀត ហើយអ្នកជាអ្នកនិពន្ធដែលយល់អំពី SEO ដែលជាតម្រូវខ្ពស់ និងចាំបាច់បំផុតរបស់គេហទំព័រមួយៗបន្ថែមទៀតនោះ នោះទីផ្សារការងារផ្នែកជំនាញនិពន្ធនេះគឺល្អសម្រាប់អ្នកបំផុត។
៨. ជំនាញផ្នែកខាង រចនាគេហទំព័រ
ជំនាញនេះ ក៏ជាជំនាញត្រូវប៉ាន់ដែរ ហើយជាប្រភេទ អាជីពអនឡាញ ដែលធ្វើនៅទីណាក៏បាន, គ្រប់បណ្តាក្រុមហ៊ុន អង្គការនានា គេត្រូវការគេហទំព័រសម្រាប់អង្គភាពរបស់គេ ដូច្នេះហើយ អ្នកមានជំនាញផ្នែកនេះអាចធ្វើការអោយ NGOs, ក្រុមហ៊ុនឯកជន សណ្ឋាគារ ជាដើម។ តែផ្នែកនេះ តម្រូវអោយអ្នកមានជំនាញច្បាស់លាស់ ជាពិសេសចេះប្រើនូវកម្មវិធីច្រើនបញ្ចូលគ្នា ហើយត្រូវតាមអោយទាន់ Trends របស់គេ ទើបគេហទំព័រដែលយើងរចនាចេញមក មើលទៅមានភាពទាក់ទាញនិង ទាន់សម័យ។ ហើយការងារប្រភេទនេះ អ្នកអាចធ្វើបានគ្រប់ទីកន្លែង តាមចិត្តអ្នកប្រាថ្នា។
៩. ធ្វើជា Influencer
មានម្ចាស់ផលិតផលជាច្រើន ពេញនិយមនិងអោយ Influencer ជួយផ្សព្វផ្សាយ ផលិតផលរបស់ពួកកាត់។ Influencer គឺជាអ្នកដែលទទួលបានការគាំទ្រ ពេញនិយម និងមាន អ្នកទស្សនារាល់សកម្មភាព ឬ វីដេអូរបស់គាត់ច្រើន។ ដូច្នេះហើយ ប្រសិនបើអ្នកមាន អ្នកតាមដានច្រើន ហើយអ្នកគាំទ្រច្រើន, ការងារធ្វើជា Influencer នេះក៏អាចរកចំណូលអោយអ្នកបានច្រើនផងដែរ។ នាសម័យកូវីដនេះ Influencer គ្រាន់តែចំណាយពេល ធ្វើការងារបង្ហាញផលិតផលតាមរយៈអនឡាញ ក៏បានដែរ ដោយមិនបាច់ចេញទៅកម្មវិធីផ្ទាល់។
១០. អ្នកជំនាញ SEO
មានក្រុមហ៊ុនជាច្រើនកំពុងផ្តល់ ការងារអនឡាញ ដល់អ្នកជំនាញផ្នែក SEO នេះ។ ដោយសារតែ ផ្នែកនេះ SEO នេះគឺមានការប្រគួតប្រជែងខ្លាំង។ SEO ប្រើដើម្បីអោយពេលដែលអតិថិជន ស្វែករងផលិតផល ឬ សេវាកម្មណាមួយនោះ អោយក្រុមហ៊ុនដូចជា Google បង្ហាញក្រុមហ៊ុនគាត់ ឬ ផលិតផលរបស់គាត់ មុនគេ និងនៅលើគេ។ SEO ត្រូវបានយកចិត្តទុកដាក់បំផុតសម្រាប់ម្ចាស់ អាជីវកម្ម និង ម្ចាស់គេហទំព័រគ្រប់គ្នា។
១១. អ្នកជំនាញផ្នែក ផ្សព្វផ្សាយពាណិជ្ជកម្មតាមហ្វេសបុក
មិនមែនគ្រប់ម្ចាស់ផលិតផល ទាំងអស់សុទ្ធតែចេះ ដាក់ផ្សាយពាណិជ្ជកម្មតាម ហ្វេសបុកនោះទេ អ្នកខ្លះគាត់ចេះតែផ្សាយមិនចំគោលដៅ ដូច្នេះហើយទើបផ្នែកនេះ មានតម្រូវការទីផ្សារច្រើន។ អ្នកដែលមានជំនាញផ្នែកនេះ រកអតិថិជនមិនពិបាកទេនៅកម្ពុជាយើង ព្រោះសន្ទុះនៃការលក់ និងម្ចាស់អាជីវកម្មតាមហ្វេសបុក កើនឡើងច្រើនណាស់។
១២. អ្នកជំនាញផ្នែក រចនា
Graphic Designer ក៏ជាជំនាញមួយដែលចាំបាច់សម្រាប់អាជីវកម្មអនឡាញ និង Offline។ ផលិតផល សេវាកម្ម ផ្សេងៗ ដែលអ្នកផ្សព្វផ្សាយនៅលើបណ្តាញហ្វេសបុក ឬ បណ្តាញសង្គមផ្សេងៗ ត្រូវពឹងលើផ្នែករចនានេះ ដើម្បីធ្វើផ្ទាំងផ្សព្វផ្សាយទាំងនោះ មុននិងយកទៅប៉ុស្ត។ ផ្ទាំងស្អាត មើលទៅ Professional ទាក់ទង អតិថិជន និងផ្តល់ទំនុកចិត្តអោយគាត់។ ដូច្នេះសម្រាប់អ្នកមានជំនាញផ្នែករចនា ខ្ញុំគិតថាមិនពិបាកក្នុងការរកអតិថិជននោះទេ។
១៣. លក់រូបថត
មានជំនាញផ្នែកថតរូប? ជាអ្នកថតរូបឯករាជ្យម្នាក់ ក៏អាចចាប់ផ្តើម អាជីពអនឡាញ បានដែរ គឺលោកអ្នកអាចលក់រូបថតនោះ នៅតាមបណ្តាវេបសាយជាច្រើនដែលផ្ទល់សេវាកម្មផ្នែក ទទួលលក់រូបថតរបស់អ្នកនេះ ដូចជា Shutterstock, Freepik និងមានគេហទំព័រច្រើនទៀតដែលផ្តល់សេវាកម្មនេះ។ ដាក់លក់រូបថតរបស់អ្នក នៅទីនោះ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត សូមមើលអោយបានច្បាស់មុន និងសម្រេចចិត្ត។
១៤. លក់ផលិតផល អោយអ្នកដទៃ (Affiliate Marketing)
Affiliate Marketing គឺជាការលក់ផលិតផល អោយអ្នកដទៃ។ អ្នកអាចជ្រើសរើសផលិតផលមួយណាក៏បាន។ អ្នកអាចចុះឈ្មោះនៅវេបសាយ Shareasale ដើម្បីចូលរួមក្នុង Affiliate Network ហើយចាំជ្រើសរើសផលិតផលដើម្បីលក់ក៏បាន ឬ ក៏អាចចុះឈ្មោះជាមួយ Alloutads ដើម្បីលក់ផលិតផលធ្វើអោយធ្មេញ ស និងមានផលិតផលច្រើនផ្សេងទៀតនៅក្នុង Affiliate Network ទាំងនោះ។
ជាចុងបញ្ចប់
តម្រូវការ ការងារតាមអ៊ិនធើណេតនិងមិនរលាយបាត់នោះទេ ហើយបើតាមខ្ញុំគិត ការងារប្រភេទតាមអនឡាញនេះ និងបន្តកើនឡើងកាន់តែច្រើននៅកម្ពុជាយើង និងនៅតាមបណ្តាប្រទេសផ្សេងៗ ជុំវិញពិភពលោក។ មិនថាអ្នកមានការងារពេញម៉ោងហើយ ក៏អ្នកនៅតែអាចចាប់យកការងារ ក្រៅម៉ោង និងការងារអនឡាញបានយ៉ាងងាយ និងមានភាពបត់បែនតាមតម្រូវការ ពេលវេលារបស់អ្នក។ ភាពបត់បែននេះ មិនអាចរកបានដោយស្រួល ជាមួយការងារ Offline នោះទេ។